cropped-PTEC_Banner_1000x250.png

ទំនួលខុសត្រូវខ្ពស់របស់សិស្សជាកត្តាកំណត់ភាពជោគជ័យក្នុងការរៀនអនឡាញ

ការរៀន និងបង្រៀនតាមអនឡាញជាបរិបទថ្មីនៃប្រព័ន្ធអប់រំ គិតចាប់ពីមានវត្តមានជំងឺកូវីដ-១៩ដំបូងក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០២០។ គ្រឹះស្ថានអប់រំ ទាំងរដ្ឋ និងឯកជន ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយជំនួសមកវិញ នូវការរៀនតាមអនឡាញ។ ការផ្លាស់ប្ដូរភ្លាមៗនេះ បាននាំមកនូវផលវិបាកច្រើន សម្រាប់គ្រូ និងសិស្ស ក្នុងការសម្របខ្លួនទៅនឹងអ្វីមួយ ដែលពួកគេពុំបានត្រៀមខ្លួនទុកជាមុន។

«ធ្លាប់តែអង្គុយរៀនក្នុងថ្នាក់ មានមិត្តភក្តិជជែកភិភាក្សាការងារជាក្រុម ហើយប្ដូរមករៀនតែម្នាក់ឯងទល់មុខកុំព្យូទ័រអ៊ីចឹង ខ្ញុំហាក់មានអារម្មណ៍ថាប្លែកខ្លាំង ខុសពីទម្លាប់ដែលធ្លាប់ធ្វើរាល់ដង(ការរៀនផ្ទាល់)។» កញ្ញា ច្រឹង ស្រីពេជ្រ គរុសិស្សឆ្នាំទីពីរ​ ឯកទេសរូបវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ រៀបរាប់បទពិសោធរៀនអនឡាញដំបូងយ៉ាងដូច្នេះ។

គរុសិស្ស មានដើមកំណើតនៅខេត្តតាកែវរូបនេះ​ បន្តរៀបរាប់ទៀតថា៖«ការរៀនអនឡាញ ជាទូទៅតែងមានបញ្ហាប្រឈមមួយចំនួនកើតមានឡើងជាយថាហេតុ។ ពេលខ្លះមិនឮសម្លេង ពេលខ្លះឮសម្លេងរំខានពីខាងក្រៅ បើថ្ងៃណាដាច់ភ្លើងទៀតនោះ គឹមិនអាចរៀនបានតែម្ដង។ ហើយកត្តាទាំងអស់នេះហើយ ជាមូលហេតុចម្បង ធ្វើឱ្យខ្ញុំពេលខ្លះ មិនអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើអ្វីដែលគ្រូកំពុងពន្យល់។»

គរុសិស្ស វ័យ១៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ ក្រោយចំណាយពេលមួយឆ្នាំជាមួយវា(រៀនអនឡាញ) ខ្ញុំអាចសម្របខ្លួនបានច្រើន ទៅនឹងការរៀនអនឡាញ។ និយាយដោយត្រង់ទៅចុះ ការរៀនអនឡាញ មិនអាចផ្ដល់ឱ្យសិស្សបានមួយរយភាគរយដូចការរៀនផ្ទាល់ឡើយ ប៉ុន្តែ ប្រសិនបើយើងយកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ ប្រាកដណាស់ថា យើងនឹងអាចទទួលបានលទ្ធផលល្អតាមនោះដែរ។»

មានការយល់ឃើញស្រដៀងគ្នានេះ កញ្ញា សេង ច័ន្ទវល័ក្ខ គរុសិស្សឆ្នាំទី២ ឯកទេសគីមីវិទ្យា នៃវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការរាជធានីភ្នំពេញ បានលើកឡើងថា៖«ការតាំងចិត្តផ្សេងគ្នា នឹងផ្ដល់លទ្ធផលផ្សេងគ្នា។ ក្នុងការរៀនអនឡាញ ប្រសិនបើសិស្សចេះគ្រប់គ្រងពេលវេលាបានល្អ និងមានទំនួលខុសត្រូវខ្ពស់ វានឹងមិនមានអ្វីប៉ះពាល់លើគុណភាពនៃការរៀននោះឡើយ។ បន្ថែមពីនេះ ការៀនអនឡាញ​ ផ្ដល់លទ្ធភាពឱ្យសិស្សអាចប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដែលពួកគេពុំធ្លាប់បានដឹងពីមុនមកទៀតផង។»

កញ្ញា ច័ន្ទវល័ក្ខ បានបន្ថែមទៀតថា៖«ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ឃើញថា ការរៀនអនឡាញហ្នឹង បានបណ្ដុះទម្លាប់សិស្សក្នុងការស្រាវជ្រាវដោយខ្លួនឯង ហើយនេះស្របទៅតាមរបៀបថ្មីនៃការសិក្សាក្នុងសតវត្សរ៍ទី២១។ ខណៈកូវីដ-១៩នៅតែបន្ត ខ្ញុំចង់ឱ្យសិស្សទាំងអស់ ទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទាំងនោះឱ្យបានច្រើនតាមដែលអាចធ្វើបាន ព្រោះយើងមិនដឹងថាកូវីដ-១៩នឹងបញ្ចប់ទាំងស្រុងនៅពេលណាឡើយ។»

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានអប់រំ រដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ក្រុងព្រះសីហនុ និងផ្នែកមួយចំនួនទៀតដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩ បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយប្ដូរមករៀនតាមអនឡាញវិញ​ រហូតមានសេចក្ដីជូនដំណឹងសារជាថ្មី។

កញ្ញា ច្រឹង ស្រីពេជ្រ បង្ហើបថា៖ ទោះបីនាងហាក់បន្សុំាខ្លួនទៅនឹងការរៀនអនឡាញបានខ្លះហើយក៏ដោយ នាងតែងសង្ឃឹមថា សាលាអាចនឹងបើកដំណើរជាធម្មតាឡើងវិញ ក្រោយចប់កូវីដ ព្រោះបើតាមនាង ការរៀនក្នុងថ្នាក់ផ្ទាល់មានភាពសប្បាយរីករាយជាង៕

ដោយ៖​ង៉ាយ ណៃ

ប្រភព៖ https://media.brandbodia.com/article/1314

 

Follow by Email
YouTube